អ្វីដែលធ្វើឲ្យ អ្នកសរសេរកូដ ខុសគេក្នុងសម័យ AI?
AI អាចសរសេរ code ឲ្យអ្នកបានលឿនក៏ពិតមែន ប៉ុន្តែសម្រាប់អ្នករៀនថ្មី ការពឹងផ្អែកលើវាខ្លាំងពេក អាចធ្វើឲ្យសិស្សថ្មីថ្មោងចេះមិនប្រាកដ។ ស្វែងយល់ពីរបៀបប្រើ AI ជា "គ្រូ" ដោយសុវត្ថិភាព និងជំនាញដែលធ្វើឲ្យអ្នកខុសគេពីអ្នកដទៃក្នុងសម័យ AI។
សព្វថ្ងៃនេះ គ្រាន់តែវាយ prompt មួយប្រយោគខ្លី អ្នកអាចទទួលបាន code មួយ file ពេញក្នុងពេលតែប៉ុន្មានវិនាទី។ ឧបករណ៍ AI ដូចជា ChatGPT, Claude, GitHub Copilot ឬ Cursor បានប្តូរទម្លាប់សរសេរ code របស់រ៉ាម៉ាស៊ីន (Developers) ស្ទើរតែទាំងស្រុង។
សម្រាប់អ្នកដែលមានបទពិសោធន៍ស្រាប់ នេះគឺជាជំនួយការដ៏អស្ចារ្យ។ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្តើមរៀន AI អាចជា ដាវមុខពីរ វាអាចជួយឲ្យអ្នកយល់មេរៀនលឿនជាងមុន ឬក៏អាចធ្វើឲ្យអ្នក "អត់ចេះអ្វីសោះ" តែម្តង ទោះបីជាមាន Project ពាសពេញ GitHub ក៏ដោយ។
នៅក្នុងអត្ថបទនេះ យើងនឹងមកជជែកគ្នាតាមត្រង់អំពី៖
- អន្ទាក់ដែលអ្នកទើបរៀនដំបូងៗតែងតែធ្លាក់ចូលពេលប្រើ AI
- ហានិភ័យ Security និង Privacy ដែលមនុស្សភាគច្រើនមើលរំលង
- វិធាន ៧ យ៉ាង ដើម្បីប្រើ AI ជា "គ្រូពន្យល់" មិនមែនជា "អ្នកធ្វើការជំនួស"
- ជំនាញពិតប្រាកដដែលធ្វើឲ្យ អ្នក មានតម្លៃ និងខុសគេក្នុងសម័យ AI
“[!NOTE] អត្ថបទនេះ មិនមែន ហាមមិនឲ្យប្រើ AI ទេ។ AI ជាឧបករណ៍ដ៏មានឥទ្ធិពល ហើយអ្នករៀន Code គ្រប់គ្នាគួរតែចេះប្រើវា។ អ្វីដែលសំខាន់គឺ របៀបដែលអ្នកប្រើវាឲ្យត្រូវចំទិសដៅក្នុងដំណាក់កាលចាប់ផ្តើម។
១. អន្ទាក់ធំបំផុត៖ «ភាន់ច្រឡំថាខ្លួនឯងចេះ» (Illusion of Competence)
ពេលយើងអង្គុយអាន Code ដែល AI សរសេរឲ្យ យើងច្រើនតែមានអារម្មណ៍ថា៖ "អូ! យល់តើ គ្មានអីពិបាកផង!"។ ប៉ុន្តែ ការអានយល់ មិនស្មើនឹងការសរសេរចេញដោយខ្លួនឯង នោះទេ។
វាដូចជាការអង្គុយមើលគេហែលទឹកនៅលើ YouTube អញ្ចឹង អ្នកមើលទៅយល់បច្ចេកទេសទាំងអស់ តែដល់ពេលលោតចូលទឹកពិតប្រាកដ ទើបដឹងថាខ្លួនឯងនៅតែលិច។
វដ្ត Copy-Paste (អន្ទាក់ចងជើង)
ជួបបញ្ហា / Error
│
▼
សួរ AI ឲ្យសរសេរ code ទាំងមូល
│
▼
Copy-Paste យកទៅ Run
│
├──► ដើរ ──► "រួចរាល់!" (តែខួរក្បាលមិនបានចាប់ចេះអ្វីសោះ)
│
└──► ចេញ Error
│
▼
Copy error នោះផ្ញើទៅ AI វិញ
│
└──► វិលជុំបែបនេះរហូត...
វដ្តនៃការរៀនពិតប្រាកដ
ជួបបញ្ហា / Error
│
▼
សាកល្បង គិត និងដោះស្រាយដោយខ្លួនឯងជាមុន (១៥–៣០ នាទី)
│
▼
សួរ AI ឲ្យ "ពន្យល់" ឬ "ផ្តល់តម្រុយ (Hint)" មិនមែនសុំចម្លើយស្រេច
│
▼
អង្គុយវាយ code នោះដោយដៃខ្លួនឯង
│
▼
Run → Test → ផ្ទៀងផ្ទាត់ជាមួយ Documentation
│
▼
សាកល្បងពន្យល់ code នោះឡើងវិញតាមការយល់របស់ខ្លួន
“[!TIP] វិធី Test ខ្លួនឯងងាយៗ៖ សាកបិទ AI ទាំងអស់ ហើយមើលថា តើអ្នកអាចសរសេរ Code នោះឡើងវិញដោយខ្លួនឯង ឬអាចពន្យល់វា មួយបន្ទាត់ៗ ឲ្យអ្នកផ្សេងយល់បានដែរឬទេ? បើធ្វើមិនបាន ៖ នោះមានន័យថាអ្នក មិនទាន់ចេះ វាពិតប្រាកដទេ។
២. ហានិភ័យដែលអ្នករៀនថ្មីៗច្រើនតែមើលរំលង
Hallucination AI និយាយខុស ដោយទំនុកចិត្តពេញលេញ
AI មិនមែនជាមនុស្សដែលចេះគ្រប់យ៉ាងនោះទេ។ ពេលខ្លះវាអាចបង្កើត Function, Parameter ឬ Library ដែល គ្មាននៅលើលោកនេះសោះ មកពន្យល់យើងយ៉ាងសមហេតុផល។ សម្រាប់អ្នកទើបចាប់ផ្តើម ប្រសិនបើមិនបានផ្ទៀងផ្ទាត់ទេ អាចនឹងវង្វេងប្រយោជន៍។
អ្វីដែលគ្រោះថ្នាក់ជាងនេះ៖ AI អាចណែនាំឲ្យ Install package ក្លែងក្លាយមួយ ដែល Hackers ធ្លាប់បានបង្កើតទុកជាមុន ដើម្បីលួចទិន្នន័យ (Malicious Code)។
Code ហួសសម័យ (Outdated)
ទិន្នន័យដែល AI ប្រើសម្រាប់រៀន ភាគច្រើនជាទិន្នន័យចាស់ៗ។ វាអាចផ្ញើ Code ដែលគេឈប់ប្រើ (Deprecated) ឬខុសស្តង់ដារបច្ចុប្បន្នមកឲ្យអ្នក។
បញ្ហា Security
AI ផ្តោតលើការធ្វើឲ្យ Code ដើរបាន — តែវាមិនប្រាកដថា Code នោះ មានសុវត្ថិភាព ជានិច្ចនោះទេ។ ឧទាហរណ៍៖
# Code ដែល AI អាចផ្តល់ឲ្យ — ដើរបានធម្មតា តែងាយរងការ Hack (SQL Injection)
query = f"SELECT * FROM users WHERE email = '{email}'"
cursor.execute(query)
# វិធីសាស្ត្រដែលត្រឹមត្រូវ និងមានសុវត្ថិភាព (Parameterized Query)
cursor.execute("SELECT * FROM users WHERE email = %s", (email,))
# ដាក់ API Key ផ្ទាល់ក្នុង Code (ពេល Push ឡើង GitHub ប្រាកដជាជ្រុះបាត់ Secrets)
const API_KEY = "sk-live-abc123...";
# រក្សាទុកក្នុង Environment Variable វិញ
const API_KEY = process.env.API_KEY;
Privacy ប្រយ័ត្នទិន្នន័យដែលអ្នកផ្ញើទៅ AI
ការ Paste លេខសម្ងាត់, API key, ទិន្នន័យអតិថិជន ឬ Source code របស់ក្រុមហ៊ុន ចូលទៅក្នុង AI Chat អាចជាការបំពានច្បាប់សុវត្ថិភាពធ្ងន់ធ្ធរ ដែលអាចធ្វើឲ្យអ្នកបាត់បង់ការងារបាន។
មិនអាច Fix Bug អ្វីដែលខ្លួនឯងមិនយល់
ពេល System មានបញ្ហានៅ ហើយ AI ឆ្លើយវិលជុំដោះស្រាយមិនចេញ មានតែអ្នកដែលយល់ពី Code ច្បាស់លាស់ប៉ុណ្ណោះ ទើបអាចរកមុខសញ្ញា និងដោះស្រាយវាបាន។
សង្ខេបហានិភ័យ និងវិធីការពារ
| ហានិភ័យ | ឧទាហរណ៍ | របៀបការពារ |
|---|---|---|
| AI ឆ្លើយប្រឌិត (Hallucination) | ប្រាប់ឈ្មោះ Function ឬ Package ដែលគ្មានពិត | ផ្ទៀងផ្ទាត់ជាមួយ Official Documentation ជានិច្ច |
| Code ហួសសម័យ | ផ្តល់ Syntax ចាស់ដែលគេលែងប្រើ | ពិនិត្យមើល Version និង Changelog ផ្លូវការ |
| បញ្ហា Security | SQL Injection, ជ្រុះ Secrets, គ្មាន Validation | សិក្សាមូលដ្ឋាន Security និងធ្វើ Code Review |
| លេចធ្លាយ Privacy | Paste API Key ឬ Code ក្រុមហ៊ុនទៅ AI | ដាច់ខាតកុំបញ្ចូលទិន្នន័យសម្ងាត់ ឬទិន្នន័យផ្ទៃក្នុង |
| ការពឹងផ្អែក AI ជ្រុល | ធ្វើអ្វីមិនកើតពេលគេសម្ភាសន៍ការងារ (Interview) | អនុវត្តសរសេរ Code ដោយគ្មាន AI ឲ្យបានញឹកញាប់ |
៣. ច្បាប់ ៧ យ៉ាងសម្រាប់ប្រើ AI ពេលកំពុងរៀន
ច្បាប់ទី ១. ឲ្យឱកាសខ្លួនឯងសាកល្បងជាមុន
ចំណាយពេលយ៉ាងតិច ១៥ ទៅ ៣០ នាទី គិត និងដោះស្រាយបញ្ហាដោយខ្លួនឯងជាមុនសិន។ ដំណាក់កាលដែលអ្នកកំពុងប្រកួតប្រជែងជាមួយប្រខួរក្បាលខ្លួនឯងនេះហើយ ជាពេលដែលអ្នករៀនចេះពិតប្រាកដ។
ច្បាប់ទី ២. សួរ "ហេតុអ្វី" មិនមែនសួរតែ "ធ្វើម៉េច"
ជំនួសឲ្យការសុំ Code មួយកង់ធំ សូមសួរ AI ឲ្យពន្យល់ពី Concept, មូលហេតុ និងផលចំណេញ/ខាត (Trade-offs) វិញ។
ច្បាប់ទី ៣. វាយ Code ដោយដៃ កុំ Copy-Paste
ទោះបីជា AI ផ្តល់ Code មកឲ្យក៏ដោយ ចូរអង្គុយវាយវាមួយបន្ទាត់ៗដោយដៃខ្លួនឯង។ ការធ្វើបែបនេះជួយឲ្យខួរក្បាល និងដៃរបស់អ្នកស៊ាំជាមួយ Syntax។
ច្បាប់ទី ៤. ផ្ទៀងផ្ទាត់ជាមួយ Documentation ផ្លូវការ
ចាត់ទុកចម្លើយរបស់ AI ត្រឹមជា "យោបល់" ប៉ុណ្ណោះ។ ចូលទៅមើល Docs ផ្លូវការ (MDN, Python Docs, Official API ...) ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
ច្បាប់ទី ៥. Run, Test ហើយសាកល្បងធ្វើឲ្យវាខូចដោយចេតនា
សាកល្បងបញ្ចូលទិន្នន័យប្លែកៗ (Edge Cases) ដូចជា ទុកលំហទំនេរ (Empty Input), លេខអវិជ្ជមាន ឬអក្សរវែងៗ។ សាកប្តូរ Code បន្តិចបន្តួច ហើយអង្គុយសង្កេតមើលលទ្ធផល។
ច្បាប់ទី ៦. ដាច់ខាតកុំបញ្ចូលទិន្នន័យសម្ងាត់
កុំផ្ញើ Password, API key, Token ឬ Code សម្ងាត់របស់ក្រុមហ៊ុនទៅក្នុង AI Chat ឲ្យសោះ។
ច្បាប់ទី ៧. សាកល្បងពន្យល់ឡើងវិញ (Rubber Duck Method)
បន្ទាប់ពីដោះស្រាយបញ្ហារួច ចូរព្យាយាមពន្យល់ពីរបៀបធ្វើនោះ ទៅកាន់មិត្តភក្តិ ឬសូម្បីតែកូនទាកៅស៊ូនៅលើតុរបស់អ្នក។ បើអ្នកពន្យល់មិនចេញទេ មានន័យថាអ្នកមិនទាន់យល់ច្បាស់ឡើយ។
“[!TIP] បច្ចេកទេសបន្ថែម៖ នៅពេលរៀនគ្រឹះដំបូងៗ (Loops, Functions, Arrays ...) សូម បិទ AI Autocomplete (ដូចជា Copilot / Cursor) នៅក្នុង Code Editor របស់អ្នកជាបណ្តោះអាសន្នសិន។ បើ AI ចាំតែបំពេញឲ្យរហូត អ្នកនឹងបាត់បង់ឱកាសក្នុងការហាត់រៀនគិត។
៤. ប្តូរ AI ពី "អ្នកធ្វើការជំនួស" ទៅជា "គ្រូណែនាំ"
ភាពខុសគ្នាកម្រិតវិជ្ជា គឺស្ថិតនៅលើរបៀបដែលអ្នកចោទសួរ (Prompt)។
Prompt Bounded (ធ្វើឲ្យអ្នកល្ងង់ជាងមុន)៖
“"សរសេរ login page ជាមួយ JWT authentication ឲ្យខ្ញុំមួយមក"
Prompt Smart (ជួយឲ្យអ្នកឆ្លាតជាងមុន)៖
“"ខ្ញុំកំពុងរៀន JavaScript។ ខ្ញុំបានសរសេរ Function ខាងក្រោមនេះ តែវា return ចេញ
undefined។ សូមកុំទាន់កែ Code ឲ្យខ្ញុំ គ្រាន់តែផ្តល់ Hint បង្ហាញផ្លូវថា ខ្ញុំគួរពិនិត្យមើលត្រង់ណា?"
Prompt Template សម្រាប់ "Tutor Mode" (របៀបកំណត់ឲ្យ AI ធ្វើជាគ្រូ)
អ្នកអាច Copy Prompt នេះ យកទៅប្រើនៅដើម Conversation បាន៖
I'm a beginner learning [បញ្ជាក់ភាសា ឬមេរៀនដែលកំពុងរៀន]. Act as my tutor, not my coder.
Rules:
1. Do NOT give me the full solution unless I explicitly ask for it.
2. Give me hints and guiding questions first.
3. When you explain code, explain WHY, not just WHAT.
4. Point out any security issues or bad practices in my code.
5. After I solve it, ask me to explain my solution back to you.
“[!NOTE] អ្នកអាចសរសេរ Prompt នេះជាភាសាខ្មែរក៏បាន។ អ្វីដែលសំខាន់បំផុតគឺ ការប្រគល់តួនាទី ឲ្យ AI ធ្វើជាគ្រូណែនាំ តាំងពីដំបូង។
ពេលណាគួរប្រើ AI ពេលណាមិនគួរប្រើ
| គួរប្រើ AI ក្នុងករណី | គួរជៀសវាង ឬកាត់បន្ថយ |
|---|---|
| ពន្យល់ Concept ស្មុគស្មាញឲ្យងាយយល់ | ឲ្យ AI សរសេរ Homework ឬ Assignment ទាំងស្រុង |
| ជួយបកស្រាយ Error Message ដែលមើលមិនយល់ | ប្រើ AI ពេលកំពុងហាត់រៀនគ្រឹះដំបូង (Loops, Logic) |
| Review និងសុំយោបល់លើ Code ដែល អ្នក សរសេរ | ប្រើ AI ដើម្បីត្រៀមខ្លួនសម្ភាសន៍ការងារ (Interview) |
| បង្កើតលំហាត់ថ្មីៗសម្រាប់អនុវត្តសមត្ថភាព | Copy Code ចូល Production ដោយមិនបានអានយល់ |
| ពន្យល់ Code ចាស់ៗរបស់អ្នកដទៃ | បញ្បញ្ចូលទិន្នន័យសម្ងាត់ ឬទិន្នន័យក្រុមហ៊ុន |
| ប្រៀបធៀបវិធីសាស្ត្រផ្សេងៗ (Pros & Cons) | ពឹងលើ AI ទាំងស្រុងដោយមិនអាន Documentation |
ផែនការប្រើ AI តាមដំណាក់កាលរៀន
| ដំណាក់កាល | របៀបប្រើ AI ឲ្យមានប្រសិទ្ធភាព |
|---|---|
| ខែទី ០–៣ (កសាងគ្រឹះ) | ប្រើជាគ្រូពន្យល់មេរៀនតែប៉ុណ្ណោះ។ បិទ Autocomplete ហើយវាយ Code ដោយដៃ |
| ខែទី ៣–៦ (ធ្វើ Project) | ប្រើសម្រាប់សុំ Hint ពេលទាល់ និងឲ្យវា Review Code។ ផ្ទៀងផ្ទាត់ចម្លើយជានិច្ច |
| ខែទី ៦ ឡើងទៅ (ធ្វើការងារពិត) | ប្រើបង្កើនល្បឿនលើអ្វីដែល អ្នកចេះស្រាប់ (Boilerplate, Tests, Refactoring) |
៥. អ្វីដែលធ្វើឲ្យ អ្នក ខុសគេក្នុងសម័យ AI
សំណួរដែលអ្នករៀនថ្មីៗតែងតែសួរ៖ "បើ AI អាចសរសេរ Code បានលឿនម្ល៉េះ ហេតុអ្វីខ្ញុំត្រូវខំរៀនទៀត?"
ចម្លើយគឺ៖ ការវាយ Code មិនដែលជាផ្នែកដែលពិបាកបំផុតរបស់ Developer ឡើយ។ អ្វីដែលពិបាកពិតប្រាកដ គឺការយល់ពីបញ្ហា ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវលើលទ្ធផល។ ក្នុងសម័យ AI តម្លៃរបស់ Developer ត្រូវបានប្តូរផ្តេក៖
| តម្លៃកាលពីមុន | តម្លៃក្នុងសម័យ AI |
|---|---|
| វាយ Code បានលឿន | យល់ពីបញ្ហាស៊ីជម្រៅ និងច្បាស់លាស់ |
| ចងចាំ Syntax បានច្រើន | វិភាគ និង Review Code បានត្រឹមត្រូវ |
| សរសេរ Code ដដែលៗ (Boilerplate) | រចនា Architecture/System ទាំងមូល |
| ធ្វើតាម tutorial មួយៗ | ហ៊ានទទួលខុសត្រូវលើ Product និងលទ្ធផល |
“[!IMPORTANT] AI គឺជា "មេគុណសមត្ថភាព" (Multiplier) មិនមែនជាអ្នកជំនួសអ្នកឡើយ៖
- សមត្ថភាពអ្នក (១០) × AI (១០) = លទ្ធផលដ៏អស្ចារ្យ (១០០)
- សមត្ថភាពអ្នក (០) × AI (១០) = លទ្ធផលស្មើ (០) ... ឬបង្កើតជា Bug ដែលគ្មាននរណាម្នាក់ដោះស្រាយចេញ!
ជំនាញ ៨ យ៉ាង ដែល AI មិនអាចជំនួសអ្នកបាន
១. គ្រឹះរឹងមាំ (Fundamentals) Data structures, របៀបដែល Networking/HTTP ដំណើរការ, Databases, Git, ព្រមទាំង Authentication & Authorization។ បើគ្មានគ្រឹះទាំងនេះទេ អ្នកមិនអាចដឹងថា Code ដែល AI ផ្តល់ឲ្យ ត្រូវ ឬខុស អាក្រក់ ឬល្អឡើយ។
២. សមត្ថភាព Debug និងការអាន Code រ៉ាម៉ាស៊ីនចំណាយពេលអាន Code ច្រើនជាងសរសេរ Code។ ក្នុងសម័យ AI ជំនាញអាន និងដេញដោលស្វែងរកកំហុសក្នុង Code របស់គេ (ឬ AI) គឺរឹតតែសំខាន់ខ្លាំងឡើង។
៣. ការកំណត់ និងបំបែកបញ្ហា (Problem Framing) អតិថិជនមិនដែលដើរមកប្រាប់ថា "ខ្ញុំត្រូវការ REST API ជាមួយ Pagination" ទេ។ គេច្រើនតែនិយាយថា "App ដើរយឺតណាស់!"។ អ្នកដែលអាចបកប្រែតម្រូវការមិនច្បាស់លាស់ ឲ្យទៅជា Technical Requirement ត្រឹមត្រូវ គឺជាអ្នកដែលមានតម្លៃខ្ពស់បំផុត ព្រោះ AI ឆ្លើយបានល្អ លុះត្រាតែអ្នកចេះសួរត្រូវ។
៤. ការវិនិច្ឆ័យ និងជ្រើសរើស (Judgment) AI អាចផ្តល់ដំណោះស្រាយ ៥ ផ្សេងគ្នា។ ប៉ុន្តែតើវិធីណាដែលស័ក្តិសមបំផុតសម្រាប់ Project, ក្រុម, ថវិកា និងពេលវេលារបស់អ្នក? ការដឹងពី trade-off នេះហើយជាជំនាញរបស់មនុស្ស។
៥. ការគិតជាប្រព័ន្ធ (System Thinking) ការយល់ដឹងពីរបៀបដែលផ្នែកនីមួយៗភ្ជាប់គ្នា Frontend, Backend, Database, Cache, Security និងការរៀបចំប្រព័ន្ធឲ្យទ្រាំទ្របាន ពេលដែលមានអ្នកប្រើប្រាស់កើនឡើងពី ១០០ នាក់ ទៅ ១០០,០០០ នាក់។
៦. ការទទួលខុសត្រូវ (Ownership) ពេល System ដើរមិនរួចនៅម៉ោង ២ យប់ AI មិនមែនជាអ្នកត្រូវគេខលដាស់ឲ្យមក Fix ទេ គឺ រូបអ្នក។ Code ដែលអ្នក Commit គឺជាការទទួលខុសត្រូវរបស់អ្នក ទោះជានរណា ឬ AI ជាអ្នកសរសេរក៏ដោយ។
៧. ការប្រាស្រ័យទាក់ទង និងបរិបទក្នុងស្រុក (Communication & Context) ការពន្យល់បញ្ហាបច្ចេកទេសឲ្យមនុស្សទូទៅយល់ ការធ្វើការជាក្រុម និងការយល់ពីតម្រូវការអាជីវកម្មជាក់ស្តែង។ ជាពិសេស បរិបទក្នុងស្រុក ដូចជាការបង្ហាញ Font ខ្មែរ Unicode ឲ្យត្រូវរៀបរយ, ការភ្ជាប់ប្រព័ន្ធទូទាត់ KHQR ឬច្បាប់ទម្លាប់អាជីវកម្មនៅកម្ពុជា គឺជាអ្វីដែល AI ទូទៅមិនទាន់យល់ជម្រៅនោះឡើយ។
៨. សមត្ថភាពក្នុងការរៀនរហ័ស (Learning How to Learn) Framework និង AI tools ផ្លាស់ប្តូរស្ទើរតែរៀងរាល់ខែ។ អ្វីដែលមិនប្រែប្រួល គឺសមត្ថភាពក្នុងការចាប់យករឿងថ្មីៗបានលឿន និងស៊ីជម្រៅ។ នេះជាជំនាញដែលកើតចេញពីការតស៊ូរៀនសូត្រដោយខ្លួនឯង មិនមែនកើតចេញពី Copy-Paste ឡើយ។
៦. Checklist មុនពេល Commit Code ដែលបានមកពី AI
មុនពេលអ្នកយក Code ពី AI ទៅដាក់ចូលក្នុង Project របស់អ្នក សូមឆ្លើយសំណួរទាំងនេះដោយស្មោះត្រង់៖
- ខ្ញុំអាចពន្យល់ Code នេះម្តងមួយបន្ទាត់បានយ៉ាងច្បាស់
- ខ្ញុំបាន Run និង Test វា រួមទាំងករណី Edge Cases រួចរាល់
- ខ្ញុំបានផ្ទៀងផ្ទាត់ថា Package, Function និង API ទាំងអស់មានពិតប្រាកដនៅក្នុង Documentation
- គ្មាន Password, API Key ឬ Token ត្រូវគេ Hardcode ទុកចោលឡើយ
- Input ត្រូវបាន Validate ហើយប្រព័ន្ធ Security ត្រូវពិនិត្យត្រឹមត្រូវ
- បើ Code នេះខូចនៅថ្ងៃស្អែក ខ្ញុំមានសមត្ថភាព Fix វាបានដោយមិនបាច់ពឹង AI
“[!WARNING] បើអ្នកឆ្លើយថា "ទេ" សូម្បីតែមួយចំណុច កុំទាន់ Push/Commit Code នោះចូល project ឲ្យសោះ។ ចំណាយពេលសិក្សាផ្នែកនោះឲ្យយល់ជាមុនសិន។
សេចក្តីសន្និដ្ឋាន
AI មិនមែនជាសត្រូវរបស់អ្នករៀន Coding ទេ វាគឺជាគ្រូដែលអត់ធ្មត់បំផុត ដែលចាំឆ្លើយសំណួររបស់អ្នក ២៤ ម៉ោងលើ ២៤ ម៉ោង។ ប៉ុន្តែគ្រូល្អ គេមិនដែលធ្វើកិច្ចការផ្ទះជំនួសសិស្សឡើយ។
ក្នុងសម័យដែលមនុស្សគ្រប់គ្នាអាចសរសេរ Code ជាមួយ AI បាន អ្វីដែលធ្វើឲ្យអ្នកលេចធ្លោ និងខុសគេ មិនមែនជាល្បឿននៃការវាយអក្សរនៅលើ Keyboard ទេ គឺ ការយល់ដឹងជម្រៅ ការវិនិច្ឆ័យ និងការទទួលខុសត្រូវ របស់អ្នកលើការងារ។
“ចងចាំ៖ ប្រើ AI ដើម្បីជួយឲ្យយើងរៀនបានលឿនជាងមុន កុំប្រើវាដើម្បីគេចវេសពីការរៀនសូត្រ។
តើអ្នកធ្លាប់ប្រើ AI ក្នុងការរៀន Coding របៀបណាដែរ? មានជួបបទពិសោធន៍ប្លែកៗ ឬចំណុចណាខ្លះ? មកចែករំលែកនៅក្នុង Comment ខាងក្រោមទាំងអស់គ្នា!
យល់ដឹងពីភាពខុសគ្នារវាង Concurrency vs Parallelism
សាកស្រមៃមើលថា អ្នកកំពុងបើកហាងកាហ្វេមួយ ហើយត្រូវប្រឈមមុខជាមួយអតិថិជនច្រើន... តើអ្នកចាត់ចែងយ៉ាងម៉េច? នេះជាអត្ថន័យពិតនៃ Concurrency និង Parallelism ក្នុងពិភពបច្ចេកវិទ្យា ដែលមនុស្សជាច្រើនតែងតែច្រឡំគ្នា!
អានបន្ត
មតិយោបល់ (0)